នាព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ លោក គឹម សាមិត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្រ្តីជំនាញ០១ រូប បានចូលរួមក្នុងសិក្ខាសាលាស្តីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅសណ្ឋាគារ Sun and Moon រាជធានីភ្នំពេញ ។សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង (១)បង្កើនការយល់ដឹងអំពីនីតិវិធីនៃការធ្វើប័ណ្ណកម្មសិទ្ធិ នីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង នីតិវិធីនៃការស្នើសុំជំរះទ្រព្យសម្បត្តិរដ្ឋពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (២)ជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលស្ថិតក្រោមការកាន់កាប់ដោយក្រសួង-ស្ថាប័នថ្នាក់កណ្ដាល និងជំរុញឱ្យមន្ទីរជំនាញតាមរាជធានី-ខេត្តដាក់ពាក្យស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ និង (៣) ពិគ្រោះយោបល់លើបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិកន្លងមកដើម្បីសម្របសម្រួល និងគាំទ្រដល់ការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ពាក់ព័ន្ធនឹងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលជាសូចនាករក្នុងផែនការសកម្មភាពរួមនៃកម្មវិធីកែទម្រង់ការគ្រង់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។